ព្រះត្រៃបិដក ភាគ ០១
សេពមេថុនធម្មនឹងប្អូនស្រី(របស់ខ្លួន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទើបក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង ភិក្ខុ១រូបសេពមេថុនធម្មនឹងស្រីដែលមាតាបិតាផ្សំផ្គុំឲ្យអំពីមុន។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់។ ភិក្ខុនោះមានសេចក្តីអផ្សុកបៀតបៀន ហើយបានយកអង្គជាតខ្លួនមកបៀមនឹងមាត់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯងភិក្ខុ១រូបមានអង្គជាតយារវែង។ ភិក្ខុនោះមានសេចក្តីអផ្សុកបៀតបៀន ក៏ចាប់បំពត់អង្គជាតខ្លួនបញ្ចូលទៅក្នុងវច្ចមគ្គ (គឺទ្វារធំ) របស់ខ្លួន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
ID: 636774082053828959
ទៅកាន់ទំព័រ៖