ព្រះត្រៃបិដក ភាគ ០១
[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ មានដម្បៅជុំវិញអង្គជាត។ ភិក្ខុនោះបានបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងអង្គជាត(សរីរនោះ) ហើយបន្ថយអង្គជាតចេញមកវិញតាមដម្បៅដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ មានដម្បៅជុំវិញអង្គជាត។ ភិក្ខុនោះបានបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងដម្បៅ ហើយបន្ថយចេញមកវិញតាមអង្គជាតិ ដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)ទៅញល់នឹងនិមិត្តរបស់រូបគំនូរ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)ទៅញល់នឹងនិមិត្តរបស់រូបតុក្កតាស្រីដែលធ្វើដោយ ឈើ។
ID: 636774082586639434
ទៅកាន់ទំព័រ៖