ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​
 [​៦១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ឈ្មោះ​សុន្ទរៈ​ ​ចេញពី​ក្រុង​រាជគ្រឹះ​ទៅ​បួស​ ​ហើយ​ដើរទៅ​តាម​ថ្នល់​។​ ​មាន​ស្រី​ម្នាក់​បានឃើញ​ភិក្ខុ​នោះ​ ​ហើយក៏​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​បង្អង់១រំពេច​សិន​ ​ខ្ញុំ​ព្រះករុណា​នឹង​ថ្វាយបង្គំ​។​ ​ស្រី​នោះ​កាលដែល​ថ្វាយបង្គំ​ ​ក៏​សើយ​ស្បង់​ឡើង​ ​ហើយ​យក​មាត់​ទៅ​បៀម​អង្គជាត​(​របស់​ភិក្ខុ​នោះ​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រេកអរ​ដែរ​ឬទេ​?​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​ទេ​ ​ព្រោះ​មិន​ត្រេកអរ​។​ ​
 [​៦២​]​ ​សម័​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​បានឃើញ​ភិក្ខុ១រូប​ ​ហើយ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​និមន្ត​លោកម្ចាស់​មក​សេព​មេថុន​ឯនេះ​។​ ​ភិក្ខុ​នោះ​និយាយ​ថា​ ​កុំ​នាង​ ​ការ​សេព​មេថុនធម្ម​នេះ​មិន​គួរ​ទេ​។​ ​ស្រី​នោះ​អង្វរ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​និមន្ត​មក​ ​(​កុំ​ប្រកែក​)​ ​ខ្ញុំ​ព្រះករុណា​នឹង​ព្យាយាម​ ​លោកម្ចាស់​មិនបាច់​ព្យាយាម​ទេ​ ​(​នៅតែ​ស្ងៀម​បាន​ហើយ​)​ ​សេព​យ៉ាងនេះ​ ​លោកម្ចាស់​មិន​ត្រូវអាបត្តិ​ទេ​។​ ​ភិក្ខុ​នោះ​ក៏បាន​ធ្វើតាម​ពាក្យ​ស្រី​នោះ​។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636774083339192478
ទៅកាន់ទំព័រ៖