ព្រះត្រៃបិដក ភាគ ០១
ស្ថិតនៅខាងក្នុង ត្រេកអរ បន្ថយចេញមកវិញ ត្រេកអរ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[៦៩] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ទៀបនគរវេសាលី ហើយសឹងលក់ទៅ។ មានស្រីម្នាក់បានឃើញ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត លុះធ្វើកិច្ចសម្រេចហើយ ក៏មកឈរសើចជិតភិក្ខុនោះ។ ភិក្ខុនោះភ្ញាក់ឡើង ហើយនិយាយទៅនឹងស្រីនោះថា អំពើនេះជាអំពើរបស់នាងឬ។ ស្រីនោះឆ្លើយថា ករុណាលោកម្ចាស់ អំពើនេះជាអំពើរបស់ខ្ញុំករុណា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងដឹងដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងទេ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងកាលបើមិនដឹង មិនមានអាបត្តិទេ។ សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ជិតនគរវេសាលី ហើយសឹងលក់ផ្អែកនឹងដើមឈើមួយ។ មានស្រីម្នាក់បានឃើញ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត។ ភិក្ខុនោះ ក៏ក្រោកឡើងដោយរហ័ស។
ID: 636774088116725737
ទៅកាន់ទំព័រ៖