ព្រះត្រៃបិដក ភាគ ០១
ឯភរិយាក៏និយាយថា បពិត្រលោកដ៏ចម្រើន លោកចូរនិមន្តសឹកចេញទៅ ថាហើយក៏ស្ទុះទៅចាប់។ ភិក្ខុនោះថយដោះខ្លួន ក៏ដួលផ្ងារទៅក្រោយ។ ភរិយាចាស់ក៏ឡើងជិះអង្គុយសង្កត់ពីលើអង្គជាត។ ទើបភិក្ខុនោះមានសេចក្តីសង្ស័យ ហើយបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះសាស្តាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងបានត្រេកអរដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរទេ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនបានត្រេកអរ មិនត្រូវអាបត្តិទេ។
[៧៨] សម័យនោះឯង មានភិក្ខុមួយរួបនៅក្នុងព្រៃ។ មានកូនម្រឹគ១ ដើរមកកាន់ទីដែលភិក្ខុនោះកំពុងបន្ទោរបង់បស្សាវៈ ហើយផឹកនូវបស្សាវៈ រួចបៀមនូវអង្គជាតដោយមាត់វា។ ភិក្ខុនោះក៏មានសេចក្តីត្រេកអរ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
បឋមបារាជិក ចប់។
ID: 636774093757538373
ទៅកាន់ទំព័រ៖