ព្រះត្រៃបិដក ភាគ ០១
មានអាយុជាកូនស្មូនឆ្នាំង ក៏ជាន់ដីដោយខ្លួនឯង ហើយធ្វើកុដិតូចដោយដីសុទ្ធទាំងអស់ រួចហើយយកស្មៅ ឧស និងអាចមន៍គោមកដុតកុដិនោះ (ដើម្បីឲ្យឆ្អិន)។ កុដិនោះមានទ្រង់ទ្រាយល្អ គួរចង់មើល គួរឲ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម ដូចជាពណ៌នៃសត្វមេភ្លៀង។ កុដិនោះ (កាលបើមានខ្យល់បក់មកត្រូវ ក៏មានសម្លេងលាន់ឮ) បីដូចជាសម្លេងកណ្តឹង។ គ្រានោះឯង ព្រះដ៏មានព្រះភាគជាម្ចាស់ កាលយាងចុះពីភ្នំគិជ្ឈកូដជាមួយនឹងភិក្ខុច្រើនរូប ទ្រង់ទតទៅឃើញកុដិនោះ មានទ្រង់ទ្រាយល្អគួរចង់មើល គួរឲ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម លុះទតហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កុដិនោះមានទ្រង់ទ្រាយល្អ គួរចង់មើល គួរឲ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម ដូចជាពណ៌នៃសត្វមេភ្លៀងឬអ្វី។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងគ្រា នោះ។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ (ការងារ) របស់មោឃបុរសនោះជាការងារមិនសមគួរ មិនមានទំនង មិនមានបែបផែន មិនមែនជារបស់សមណៈ
ID: 636774094993969093
ទៅកាន់ទំព័រ៖