ព្រះត្រៃបិដក ភាគ ០១

មិន​គប្បី​ ​មិន​គួរ​ធ្វើ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​ដូចម្តេច​ក៏បាន​ជា​មោឃបុរស​នោះ​ជាន់​ដី​ដោយខ្លួនឯង​ ​ហើយ​ធ្វើ​កុដិ​សុទ្ធ​ដោយ​ដី​ទាំងអស់​ ​(​ដូច្នោះ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ករុណា​ ​សេចក្តី​អនុគ្រោះ​ ​និង​សេចក្តី​មិន​បៀតបៀន​ដល់​ពួក​សត្វ​មានជីវិត​ ​ទំនងជា​មិន​មានដល់​មោឃបុរស​នោះ​ទេ​ដឹង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ទៅ​ទំ​លាយ​កុដិ​នោះ​ចេញ​ ​កុំ​ឲ្យ​បណ្តាជន​ជា​ខាងក្រោយ​បៀតបៀន​បំផ្លាញ​ដល់​បាណ​ជាតិ​ទៀត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​កុដិ​ឲ្យ​សុទ្ធ​ដោយ​ដី​ទាំងអស់​ទេ​ ​បើ​ភិក្ខុ​ណា​ធ្វើ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងនោះ​ទទួល​ពុទ្ធដីកា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​ ​រួចហើយ​ ​កុដិ​នោះ​នៅក្នុង​ទីណា​ ​នាំគ្នា​ចូល​ទៅ​ក្នុង​ទីនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​វាយបំបាក់​កុដិ​នោះ​ទៅ​។​ ​គ្រានោះ​ ​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​សួរ​ភិក្ខុ​ទាំងនោះ​ថា​ ​នែ​លោក​ទាំងឡាយ​ ​ចុះ​ហេតុអ្វីបានជា​លោក​នាំគ្នា​មក​វាយបំបាក់​កុដិ​ខ្ញុំ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងនោះ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ឲ្យ​វាយបំបាក់​។​ ​ធ​និយ​ភិក្ខុ​ឆ្លើយតប​ថា​ ​អើ​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ធម្មសាមី​ ​ទ្រង់​ត្រាស់​ឲ្យ​វាយបំបាក់​ ​និមន្ត​វាយបំបាក់​ចុះ​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636774095344109120
ទៅកាន់ទំព័រ៖