ព្រះត្រៃបិដក ភាគ ០១
តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែល ច្យុត និងចាប់បដិសន្ធិទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ និយាយតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ(១) ទុគ្គតិ(២) វិនិបាត(៣) នរក(៤) មួយសោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ មិនតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺសុគតិ(៥) និងស្ថានសួគ៌(៦)។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុត នឹងចាប់បដិសន្ធិ ទាបថោក និងឧត្តម
(១) កំណើតសត្វតិរច្ឆាន។ (២) ប្រេតវិស័យ។ (៣) អសុរកាយដែលមានមហិទ្ធិឫទ្ធិដូចរាហូអសុរិន្ទជាដើម។ (៤) លោកដែលគ្មានសេចក្តីចំរើនមានប្រការច្រើន មានអវចីនរកជាដើម។ (៥) សង្គ្រោះយកគតិរបស់មនុស្សចូលផង។ (៦) ចំពោះយកគតិនៃទេវតាតែម្យ៉ាង។
ID: 636774012191813080
ទៅកាន់ទំព័រ៖