ព្រះត្រៃបិដក ភាគ ០១
ជាកុម្ភការបុត្រគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទពិម្ពិសារមាគធសេនិយរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់មានព្រះបន្ទូលសួរធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងថា បពិត្រលោកដ៏ចំរើន បានឮថា ឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ ដែលទុកបម្រុងការពារអន្តរាយ ខ្ញុំបានប្រគេនលោកពិតមែនឬ។ ធនិយភិក្ខុឆ្លើយថា ថ្វាយព្រះពរមហារាជ ពិតមែន។ ព្រះបាទពិម្ពិសារទ្រង់មានព្រះបន្ទូលថា បពិត្រលោកដ៏ចំរើន ធម្មតាយើងជាស្តេចមានកិច្ចច្រើន ការងារដែលត្រូវធ្វើក៏មានច្រើន បើទុកជាយើងឲ្យមែន ក៏នឹកមិនឃើញដែរ ហេតុនេះសូមលោករំលឹកខ្ញុំផង។ ធនិយភិក្ខុឆ្លើយថា ថ្វាយព្រះពរមហារាជ សូមព្រះអង្គទ្រង់រំពឹងទៅមើល កាលដែលទ្រង់ទើបបានរាជាភិសេកនោះ ទ្រង់មានព្រះបន្ទូល មានសភាពយ៉ាងនេះថា ស្មៅ ឈើ និងទឹក ខ្ញុំបានឲ្យហើយ ដល់សមណៈ និងព្រាហ្មណ៍ទាំងឡាយ ៗចូរប្រើប្រាស់ (នូវស្មៅឈើ និងទឹកនោះចុះ)។ ព្រះបាទពិម្ពិសារមានព្រះបន្ទូលថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹកឃើញហើយ (ប៉ុន្តែថា) សមណៈ និងព្រាហ្មណ៍ទាំងឡាយដែលមានសេចក្តីអៀនខ្មាស សេចក្តីសង្ស័យ និងមានសេចក្តីប្រាថ្នាក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍ទាំងនោះ រមែងកើតមានសេចក្តីសង្ស័យក្នុង
ID: 636774098784295887
ទៅកាន់ទំព័រ៖