ព្រះត្រៃបិដក ភាគ ០១
មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២នេះឯងហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជា កណ្តាលនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅបាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយដែលបាននូវវិជ្ជាទី២ នុ៎ះដូច្នោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯងជាវិជ្ជាទី២ ដែលតថាគតបានត្រាស់ដឹងហើយ ដូចជាកូនមាន់ដែលញាស់ចេញចាកសម្បកពង។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រ យ៉ាងនេះ ហើយ តថាគតទើបបង្អោនចិត្តចំពោះទៅក្នុងញាណជាហេតុឲ្យបានអស់ទៅនៃ អាសវៈទាំងឡាយ គឺអាសវក្ខយញ្ញាណ តថាគតក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ
ID: 636774012857011127
ទៅកាន់ទំព័រ៖