ព្រះត្រៃបិដក ភាគ ០១
ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យនោះឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ស្រូវទាំងឡាយ មានស្រូវសាលីជាដើមក្តី ផ្លែឈើទាំងឡាយ មានសណ្តែករាជមាសជាដើមក្តី ដែលដុះក្នុងស្រែនោះ មានដម្លៃប្រមាណ៥មាសកក្តី លើសពី៥មាសកទៅក្តី ត្រូវអាបត្តិទុក្កដ។ ធ្វើរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើរបស់នោះឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុចោទប្រកាន់យកស្រែ ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យម្ចាស់ស្រែកើតសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ។ បើម្ចាស់ស្រែដាក់ធុរៈថា ស្រែមុខជានឹងមិនបានមកអញវិញទេ ដូច្នេះ ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុធ្វើការវិនិច្ឆ័យឲ្យម្ចាស់របស់ចាញ់ (គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬក្នុងរាជត្រកូល ហើយសូកពួកអ្នកវិនិច្ឆ័យឲ្យយកសាក្សីកោង ធ្វើម្ចាស់ស្រែឲ្យចាញ់) ត្រូវអាបត្តិបារាជិក។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់ (គឺបើពួកអ្នកវិនិច្ឆ័យកាត់ក្តីនោះតាមធម៌ជាសត្ថុសាសនា ហើយត្រឡប់ជាចាញ់លើខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុបង្ខិតគោលក្តី ខ្សែក្តី របងក្តី ទំនប់ក្តី ត្រូវអាបត្តិទុក្កដ។ នៅតែប្រយោគមួយមិនទាន់មកដល់ ត្រូវអាបត្តិថុល្លច្ច័យ។ លុះប្រយោគមួយនោះមកដល់ ត្រូវអាបត្តិបារាជិក។
ID: 636774766268873821
ទៅកាន់ទំព័រ៖