ព្រះត្រៃបិដក ភាគ ០១
[១១៧] ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុកមួយសំណើរ ហៅថា អ្នករក្សាបញ្ញើ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវទ្រព្យមានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។
[១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ) គឺភិក្ខុដែលរួមគំនិតចូលគ្នាច្រើនរូប ភិក្ខុ១រូបទៅលួចយកទ្រព្យបានមក ត្រូវអាបត្តិបារាជិកទាំងអស់គ្នា។
[១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឲ្យលួច ហៅថា សង្កេតកម្ម ភិក្ខុប្រើភិក្ខុឲ្យទៅលួចថា អ្នកចូលលួចយកទ្រព្យនោះ ដោយសង្កេតនោះ ក្នុងពេលព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុលួចទ្រព្យនោះបានមកតាមសង្កេតនោះ ត្រូវអាបត្តិបារាជិកទាំងពីររូប។ ភិក្ខុទៅលួចទ្រព្យនោះមុនសង្កេតនោះក្តី ក្រោយក្តី ភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។
ID: 636774774288852538
ទៅកាន់ទំព័រ៖