ព្រះត្រៃបិដក ភាគ ០១
ស្តាយក្រោយវិញ ត្រឡប់ហាមឃាត់ថា លោកកុំលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់នោះ មិនព្រមត្រឡប់ខានលួចតាម ពោលតបថា លោកបង្គាប់ខ្ញុំហើយ រួចទៅលួចយកទ្រព្យនោះបានមក ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកបង្គាប់នោះត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ ត្រឡប់ឃាត់ថា លោកកុំទៅលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់ ទទួលពាក្យថា ប្រពៃហើយ ក៏លែងលួចទៅ ភិក្ខុទាំងពីររូបមិនត្រូវអាបត្តិឡើយ។
[១២២] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិបារាជិក គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃច្រើន ចំនួន៥មាសក ឬលើសពី៥មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិបារាជិក។ (បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ញុំាងរបស់នោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិថុល្លច្ច័យ គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១
ID: 636774776639116965
ទៅកាន់ទំព័រ៖