ព្រះត្រៃបិដក ភាគ ០១
ញុំាងទ្រព្យនោះឲ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ។ (បើមិនទាន់ឲ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ។
[១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន កាន់យកដោយស្និទ្ធស្នាលនឹងគ្នា កាន់យកជារបស់ខ្ចីគ្នា កាន់យករបស់ដែលពួកប្រេតហួងហែងរក្សា កាន់យករបស់ដែលសត្វតិរច្ឆានហួងហែងរក្សា កាន់យកដោយសំគាល់ថាជារបស់បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នកដើមបញ្ញត្តិ (អម្បាលនេះ) មិនត្រូវអាបត្តិឡើយ។
អទិន្នាទាន បឋមភាណវារៈ ចប់។
(មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)
[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់ រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ៥រូបលួចទ្រព្យក្នុងវេលាយប់ (ដោយចំណាំទុកពីថ្ងៃ) រឿងភិក្ខុ៥រូបលួចទ្រព្យគេដែលខ្លួនកំពុងជួយនាំទៅ រឿងភិក្ខ៥រូបពោលតែពាក្យថាលួច (តែគ្មានថេយ្យចិត្ត) រឿងភិក្ខុ២រូបទៀត រើសសម្ពត់សាដក និងឈ្នួតដែលប៉ើងទៅដោយខ្យល់
ID: 636774779213464209
ទៅកាន់ទំព័រ៖