ព្រះត្រៃបិដក ភាគ ០១
ភិក្ខុអម្បាលនោះ មានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ យើងទាំងឡាយត្រូវអាបត្តិបារាជិកហើយឬហ្ន៎។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១២៨] សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន ហើយញុំាងថេយ្យចិត្តឲ្យកើតឡើង។ ភិក្ខុនោះ មានសេចក្តីសង្ស័យថា អញត្រូវអាបត្តិបារាជិកហើយឬហ្ន៎។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើថេយ្យចិត្តកើតឡើងប៉ុណ្ណោះ អ្នកមិនត្រូវអាបត្តិអ្វីឡើយ។ សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ ឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយចាប់ពាល់សម្ពត់នោះ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយធ្វើសម្ពត់នោះឲ្យកំរើក។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។
ID: 636775479603574877
ទៅកាន់ទំព័រ៖