ព្រះត្រៃបិដក ភាគ ០១
ភិក្ខុមានថេយ្យចិត្តគិតលួច ហើយធ្វើភារៈឲ្យកំរើក។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយបានកាន់យកដោយដៃ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់ភារៈដែលតាំងនៅនឹងដៃមកលើផ្ទៃផែនដី។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយបានចាប់យករបស់អំពីផែនដី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុងទីវាល ហើយចូលទៅកាន់វិហារ។ មានភិក្ខុឯទៀតទុកដាក់ចីវរនោះដោយគិតថា កុំឲ្យចីវរនេះបាត់ទៅឡើយ។ ភិក្ខុនោះ ចេញពីវិហារទៅហើយ សួរភិក្ខុនោះថា អាវុសោ ចីវររបស់ខ្ញុំ លោកណាលួចយកទៅ។ ភិក្ខុនោះពោលតបយ៉ាងនេះថា (ចីវរលោក) យើងលួចយកហើយ។ ភិក្ខុម្ចាស់ចីវរនោះ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្រាន់តែថាដោយពាក្យ (តែគ្មានថេយ្យចិត្តទេ) ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើត្រឹមតែថាដោយពាក្យ អ្នកមិនត្រូវអាបត្តិអ្វីឡើយ។
ID: 636775481873364701
ទៅកាន់ទំព័រ៖