ព្រះត្រៃបិដក ភាគ ០១
យកបាយក្រៀមនោះបុកក្នុងត្បាល់រួចនាំគ្នាឆាន់។ ចំណែកខាងព្រះអានន្ទដ៏មានអាយុ យកបាយក្រៀម១នាឡិ កិនក្នុងត្បាល់ថ្មហើយយកទៅថ្វាយព្រះដ៏មានព្រះភាគ។ ព្រះអង្គក៏ទ្រង់ទទួលសោយបាយក្រៀមនោះ។ វេលានោះ ព្រះសម្ពុទ្ធទ្រង់បានឮសូរត្បាល់ និងអង្រែនោះដែរ។ ព្រះតថាគតទាំងឡាយ បានជ្រាបនូវហេតុហើយសួរក៏មាន បានជ្រាបហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយមិនសួរក៏មាន ឯព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវការណាដែលប្រកបដោយប្រយោជន៍ កម្មដែលមិនប្រកបដោយប្រយោជន៍ ព្រះអង្គមិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវកម្មមិនប្រកបដោយប្រយោជន៍ ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ ។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគទាំងឡាយ ទ្រង់តែងសួរនូវភិក្ខុទាំងឡាយ ដោយហេតុពីរប្រការ គឺទ្រង់សួរដើម្បីនឹងសម្តែងនូវធម៌១ ដើម្បីនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់សួរថា ម្នាលអានន្ទ សូរសម្លេងនោះជាសូរត្បាល់អង្រែឬអ្វី។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបទូលរឿងនុ៎ះឲ្យព្រះដ៏មានព្រះភាគជ្រាបគ្រប់ប្រការ។
ID: 636774014862395829
ទៅកាន់ទំព័រ៖