ព្រះត្រៃបិដក ភាគ ០១

ប្រកាន់​ភិក្ខុ​នោះ​ថា​ ​លោក​មិនមែន​ជា​សមណៈ​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកមាន​ចិត្តគិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មាន​ថេយ្យ​ចិត្ត​មែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៣៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ទៅកាន់​ទី​ស្មសាន​ ​ហើយ​បាន​កាន់​យក​សម្ព​ត់​បំសុកូល​អំពី​សរីរៈ​ខ្មោច​ដែល​មិនទាន់​បែកធ្លាយ​។​ ​ក៏​ក្នុង​សរីរៈ​ខ្មោច​នោះ​ ​មាន​ប្រេត​មក​អាស្រ័យ​នៅ​។​ ​គ្រានោះ​ ​ប្រេត​នោះ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​កុំ​យក​សាដក​របស់ខ្ញុំ​ឡើយ​។​ ​ភិក្ខុ​នោះ​មិន​អើពើ​នឹង​ពាក្យ​ប្រេត​នោះ​ ​ក៏​ចេះតែ​កាន់​យក​ទៅ​។​ ​ខណៈនោះ​ ​សរីរៈ​នោះ​ក្រោក​ឡើង​ ​ហើយ​ដេញ​ជាប់​តាម​ក្រោយខ្នង​ភិក្ខុ​នោះ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​នោះ​រត់​ចូល​ទៅ​ក្នុង​វិហារ​ហើយ​បិទទ្វារ​។​ ​សរីរៈ​នោះ​ ​ក៏​ដួលខ្ពោក​ក្នុង​ទីនោះ​ឯង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​តទៅ​ ​ពួក​ភិក្ខុ​កុំ​គប្បី​កាន់​យក​សម្ព​ត់​បំសុកូល​អំពី​សរីរៈ​ខ្មោច​ដែល​មិនទាន់​ ​បែកធ្លាយ​ ​ភិក្ខុ​ណា​កាន់​យក​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636775484555408106
ទៅកាន់ទំព័រ៖