ព្រះត្រៃបិដក ភាគ ០១
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហកប៉ុណ្ណោះ។
[១៣៩] សម័យនោះឯង មានភិក្ខុ១រូបចូលទៅកាន់ផ្ទះដែលគេដាំបាយ ក្នុងវេលាស្រុកអត់បាយ មានថេយ្យចិត្តហើយបានលួចយកបាយពេញ១បាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ផ្ទះសម្រាប់ចំអិនសាច់លក់ក្នុងវេលាស្រុកអត់បាយ ហើយមានថេយ្យចិត្តលួចយកសាច់ដាក់ពេញ១បាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ផ្ទះធ្វើនំក្នុងវេលាស្រុកអត់បាយ ហើយមានថេយ្យចិត្តបានលួចយកនំដាក់ពេញ១បាត្រ។បេ។ មានថេយ្យចិត្តហើយលួចយកនំក្រៀបដាក់ពេញ១បាត្រ។បេ។ មានថេយ្យចិត្តហើយបានលួចយកនំអន្សមដាក់ពេញ១បាត្រ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
ID: 636775487299065034
ទៅកាន់ទំព័រ៖