ព្រះត្រៃបិដក ភាគ ០១

 [​១៤០​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ឃើញ​បរិក្ខារ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​ធ្វើ​និមិត្ត​ទុក​ថា​ ​អញ​នឹង​លួច​យក​ក្នុង​វេលា​យប់​។​ ​ភិក្ខុ​នោះ​សំគាល់​របស់​នោះ​បាន​ហើយ​ ​លួច​យក​របស់​នោះ​បាន​មក​។​បេ​។​ ​សំគាល់​របស់​នោះ​បាន​ហើយ​ ​លួច​បាន​របស់​ដទៃ​មកវិញ​។​បេ​។​ ​សំគាល់​របស់​ដទៃ​ទេ​ ​ត្រឡប់​លួច​បាន​របស់​នោះ​មកវិញ​។​បេ​។​ ​សំគាល់​របស់​ដទៃ​ ​លួច​បាន​របស់​ដទៃ​មក​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ឃើញ​បរិក្ខារ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​បាន​ធ្វើ​និមិត្ត​ទុក​ថា​ ​អញ​នឹង​លួច​យក​ក្នុង​វេលា​យប់​។​ ​ភិក្ខុ​នោះ​សំគាល់​របស់​នោះ​បាន​ហើយ​ ​ត្រឡប់​លួច​បាន​បរិក្ខារ​របស់​ខ្លួនឯង​មកវិញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ទុក្កដ​។​ ​
 [​១៤១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ឃើញ​ថង់យាម​នៅ​លើ​តាំង​ ​ហើយ​គិតថា​ ​កាល​អញ​យក​ថង់យាម​អំពី​ទីនេះ​ ​មុខ​ជា​នឹង​ត្រូវអាបត្តិ​បារាជិក​ ​ហើយ​រំកិល​យក​ថង់យាម​នោះ​ ​ព្រមទាំង​តាំង​ទៅ​ផង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636775487855406855
ទៅកាន់ទំព័រ៖