ព្រះត្រៃបិដក ភាគ ០១
ព្រះអង្គត្រាស់សរសើរថា ត្រូវហើយអានន្ទ ប្រពៃហើយអានន្ទ អ្នកឯងរាល់គ្នាជាសប្បុរសឈ្នះវិសេសហើយ បណ្តាលជនខាងក្រោយគេនឹងនឹកចង់ឲ្យនូវចង្ហាន់ដែលគេចំអិន ដោយអង្ករស្រូវខ្សាយ ព្រមទាំងម្ហូបលាយដោយសាច់ដ៏ឆ្ងាញ់ពិសារ (ដល់អ្នករាល់គ្នា)។
[៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចហើយក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលស្នើសេចក្តីនេះចំពោះព្រះដ៏មានព្រះភាគថាសូមទ្រង់ព្រះ មេត្តាប្រោស ឥឡូវនេះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យ សម្បត្តិ ល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់នោះទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក សូមទ្រង់ព្រះមេត្តា ប្រោស ផ្ទៃខាងក្រោមនៃផែនដីនេះ មានឱជារសផ្អែមដូចទឹកឃ្មុំ ដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយមេឃ្មុំ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចង់ប្រែត្រឡប់ផែនដីនេះឲ្យផ្ងារឡើង ដើម្បីនឹងឲ្យភិក្ខុទាំងឡាយឆាន់នូវឱជារស ដែលកើតឡើងអំពីស្រទាប់នៃផែនដីនោះ។
ID: 636774015208935650
ទៅកាន់ទំព័រ៖