ព្រះត្រៃបិដក ភាគ ០១
លួចយកផ្លែខ្នុរសំឡរបស់សង្ឃ។បេ។ លួចយកផ្លែខ្នុរណាំងរបស់សង្ឃ។បេ។ លួចយកផ្លែត្នោតទុំរបស់សង្ឃ។បេ។ លួចយកអំពៅរបស់សង្ឃ។បេ។ មានថេយ្យចិត្ត ហើយលួចយកផ្លែទន្លាប់របស់សង្ឃ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្តលួចយកផ្កាមានដំឡៃ៥មាសក ដែលម្ចាស់គេបានបេះទុក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្តលួចបេះផ្កាមានដំឡៃ៥មាសក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយបាននិយាយនឹងភិក្ខុ១រូបថា អាវុសោ លោកផ្តាំខ្ញុំហើយ ខ្ញុំនឹងទៅប្រាប់ត្រកូលជាឧបដ្ឋាករបស់លោក។ ភិក្ខុនោះទៅហើយ បានឲ្យត្រកូលនោះយកសម្ពត់សាដក១មក ហើយប្រើប្រាស់ដោយខ្លួនឯង។
ID: 636775491834664455
ទៅកាន់ទំព័រ៖