ព្រះត្រៃបិដក ភាគ ០១
បានដឹងសោះឡើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹង។ សម័យនោះឯង បុរសម្នាក់នាំយកកែវមណីមានដំឡៃច្រើន ដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀត។ លំដាប់នោះ បុរសនោះឃើញទីគយហើយ ក៏ធ្វើអាការហាក់ដូចជាឈឺ ហើយបានប្រគល់បង្វិចកែវមណីរបស់ខ្លួនដល់ភិក្ខុនោះ។ គ្រានោះឯង បុរសនោះដើររំលងហួសទីគយទៅហើយ បាននិយាយពាក្យនេះនឹងភិក្ខុនោះថា បពិត្រលោកម្ចាស់ ចូរលោកយកបង្វិចរបស់ខ្ញុំមក ខ្ញុំមិនឈឺទេ។ ភិក្ខុនោះសួរថា អាវុសោ ចុះហេតុអ្វីបានជាអ្នកធ្វើអាការយ៉ាងនេះ។ ទើបបុរសនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងសោះឡើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹង។ សម័យនោះឯង មានភិក្ខុ១រូប ដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងឈ្មួញរទេះ។ បុរសម្នាក់ក៏លួងលោមភិក្ខុនោះដោយអាមិស លុះឃើញទីគយហើយ បានឲ្យកែវមណីមានដំឡៃច្រើន ដល់ភិក្ខុនោះដោយពាក្យថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់យកកែវមណីនេះ ឲ្យរំលងទីគយទៅផង។
ID: 636775494352378460
ទៅកាន់ទំព័រ៖