ព្រះត្រៃបិដក ភាគ ០១
។បេ។ ភិក្ខុដោះលែងត្រីទាំងឡាយដែលជាប់លបដោយសេចក្តីករុណា។បេ។ ភិក្ខុឃើញត្រីទាំងឡាយជាប់លប មានថេយ្យចិត្តថា ក្រែងពួកម្ចាស់គេឃើញមុន ហើយដោះលែងត្រីនោះទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន ហើយគិតថា បើអញយកចាកទីនេះ មុខជានឹងត្រូវអាបត្តិបារាជិក ទើបឈូសប្រមៀលឲ្យធ្លាក់ចុះ ហើយក៏កាន់យកទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[១៥៥] សម័យនោះឯង មានភិក្ខុ១រូប បានរើសយកដុំសាច់ដែលសត្វរអាតពាំយកទៅ ដោយគិតថា អញនឹងប្រគល់ឲ្យពួកម្ចាស់សាច់។ ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយ្យចិត្ត។
ID: 636775495311983346
ទៅកាន់ទំព័រ៖