ព្រះត្រៃបិដក ភាគ ០១
សម័យនោះឯង មានភិក្ខុ១រូបឃើញដុំសាច់ដែលសត្វរអាតពាំយកទៅ មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់គេឃើញមុន ហើយក៏កាន់យកដុំសាច់នោះទៅ។ ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែតតាមស្ទឹងអចិរវតី។ កាលចំណងក្បូនដាច់ ឈើទាំងឡាយក៏អណ្តែតខ្ចាត់ខ្ចាយទៅ។ ភិក្ខុទាំងឡាយសំគាល់ថា ជារបស់បំសុកូល ហើយនាំគ្នាស្រង់យកឡើង។ ពួកម្ចាស់ក្បូននាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល។ សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែតតាមស្ទឹងអចិរវតី។ កាលចំណងក្បូនដាច់ ឈើទាំងឡាយក៏អណ្តែតខ្ចាត់ខ្ចាយទៅ។ ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ឈើគេឃើញមុន ហើយស្រង់យកឡើង ពួកម្ចាស់ឈើនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុទាំងអម្បាលនោះមានសេចក្តីសង្ស័យ។បេ។
ID: 636775495922498266
ទៅកាន់ទំព័រ៖