ព្រះត្រៃបិដក ភាគ ០១
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ចុះអ្នកនឹងយកមនុស្ស សត្វទាំងឡាយដែលនៅអាស្រ័យលើផែនដីនេះ អោយទៅនៅឯណា។ ព្រះមហាមោគ្គល្លានទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងនិម្មិតបាតដៃម្ខាង ឲ្យបានដូចជាផែនដី ធំ នឹងឲ្យសត្វទាំងឡាយដែលនៅអាស្រ័យលើផែនដី មកនៅលើបាតដៃម្ខាងនោះ ហើយខ្ញុំព្រះអង្គនឹងប្រែនូវផែនដីដោយដៃម្ខាង។ ព្រះអង្គទ្រង់ឃាត់ថា មោគ្គល្លាន អ្នកកុំពេញចិត្តនឹងត្រឡប់ផែនដីនោះឡើយ សត្វទាំងឡាយនឹងបាននូវសេចក្តីជ្រួលជ្រើមរបល់។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះពុទ្ធដីកាដែលទ្រង់ត្រាស់មកនោះប្រពៃហើយ (បើដូច្នោះ) សូមឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីបវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលមោគ្គល្លាន ចុះភិក្ខុទាំងឡាយឯណាដែលមិនមានឫទ្ធិ អ្នកនឹងធ្វើនូវភិក្ខុទាំងនោះដូចម្តេចទៅ។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុទាំងអស់នឹងទៅបានយ៉ាងណា ខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា កុំ មោគ្គល្លាន អ្នកកុំពេញចិត្តឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីប នោះឡើយ។
ID: 636774034530320770
ទៅកាន់ទំព័រ៖