ព្រះត្រៃបិដក ភាគ ០១
ភិក្ខុ១រូបៗ បានចំណែកមិនពេញ៥មាសក។ ភិក្ខុទាំងនោះបាននិយាយយ៉ាងនេះថា យើងទាំងឡាយមិនត្រូវអាបត្តិបារាជិកទេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
[១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស អត់បាយ (ភិក្ខុនោះ) មានថេយ្យចិត្ត ហើយលួចយកអង្កររបស់អ្នកផ្សារប្រមាណ១ក្តាប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។ សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្សអត់បាយ មានថេយ្យចិត្ត ហើយលួចយកសណ្តែកបាយរបស់អ្នកផ្សារ១ក្តាប់។បេ។ សណ្តែករាជមាស១ក្តាប់។បេ។ ល្ងរ១ក្តាប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ។
[១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ ក៏ទុកដាក់សាច់ដ៏សេសសល់ក្នុងព្រៃអន្ធវន ទៀបក្រុងសាវត្ថី ហើយនាំគ្នាទៅ។ ភិក្ខុទាំងឡាយសំគាល់ថាជារបស់បំសុកូល ហើយនាំគ្នាកាន់យកសាច់នោះបរិភោគទៅ។ ពួកចោរនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះ
ID: 636775497521379717
ទៅកាន់ទំព័រ៖