ព្រះត្រៃបិដក ភាគ ០១
[១៦៥] សម័យនោះ ភិក្ខុទាំងឡាយជាអាគន្តុក (ភិក្ខុអ្នកមកថ្មី) ញុំាងគ្នានឹងគ្នាឲ្យចែកផ្លែស្វាយរបស់សង្ឃ ហើយបរិភោគទៅ។ ភិក្ខុម្ចាស់អាវាសទាំងឡាយ នាំគ្នាចោទប្រកាន់ភិក្ខុជាអាគន្តុកអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអាគន្តុកអម្បាលនោះមានសេចក្តីសង្ស័យ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកគិតដូចម្តេច។ ភិក្ខុអម្បាលនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ មានចិត្តប្រាថ្នាដើម្បីនឹងបរិភោគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេ។ សម័យនោះ ភិក្ខុទាំងឡាយជាអាគន្តុក ញុំាងគ្នានឹងគ្នាឲ្យចែកផ្លែព្រីងរបស់សង្ឃ ។បេ។ ផ្លែខ្នុរសំឡរបស់សង្ឃ។បេ។ ផ្លែខ្នុរណាំងរបស់សង្ឃ។បេ។ ផ្លែត្នោតទុំរបស់សង្ឃ។បេ។ អំពៅរបស់សង្ឃ។បេ។ ផ្លែទន្លាប់របស់សង្ឃ ហើយនាំគ្នាបរិភោគទៅ។ ពួកភិក្ខុដែលជាម្ចាស់អាវាស នាំគ្នាចោទប្រកាន់ភិក្ខុអាគន្តុកអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ។ ភិក្ខុអាគន្តុកអម្បាលនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេ។
ID: 636775499218726799
ទៅកាន់ទំព័រ៖