ព្រះត្រៃបិដក ភាគ ០១
ឈ្មោះមិគលណ្ឌិក ក៏នឹកអរថា ឮថា (ការនេះ) ជាលាភរបស់អញ ឮគេថា ជាតិមនុស្ស អញបានដោយល្អហើយ ឮគេថា អញបានប្រទះបុណ្យជាច្រើន ឮគេថា អញបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លងផុតទៅបាន លុះគិតដូច្នេះហើយ ក៏កាន់ដាវមុតដើរចេញពីវិហារចូលទៅកាន់វិហារ ចេញពីបរិវេណចូលទៅកាន់បរិវេណ ហើយពោលយ៉ាងនេះថា លោកណាមិនទាន់ឆ្លង (សង្សារវដ្ត) ខ្ញុំនឹងឲ្យលោកណាឆ្លងសង្សារវដ្តបាន។ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាដែលមិនទាន់ប្រាសចាករាគៈ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និងសេចក្តីព្រឺរោម ក៏មានដល់ភិក្ខុទាំងនោះជាប្រាកដក្នុងសម័យនោះ។ ចំណែកភិក្ខុទាំងឡាយណា ដែលប្រាសចាករាគៈហើយ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និងសេចក្តីព្រឺរោម ក៏មិនមានដល់ភិក្ខុទាំងនោះក្នុងសម័យនោះឡើយ។ គ្រានោះ សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏ផ្តាច់បង់ជីវិតភិក្ខុក្នុងមួយថ្ងៃ១រូបក៏មាន ក្នុង១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុពីររូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបីរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបួនរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុប្រាំរូបក៏មាន ។បេ។ ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុដប់រូបក៏មាន
ID: 636775518253165507
ទៅកាន់ទំព័រ៖