ព្រះត្រៃបិដក ភាគ ០១
ព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក មែនឬ។ ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ (អំពើដែលអ្នកទាំងអស់គ្នាធ្វើហើយនុ៎ះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ ម្នាលមោឃបុរសទាំងឡាយ ហេតុម្តេច បានជាអ្នកទាំងឡាយ ទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក (ដូច្នោះ) ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្ស ឲ្យឃ្លាតចាកជីវិតក្តី ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ថា នែបុរសដ៏ចំរើន អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ (ភិក្ខុ) មានចិត្តគិតដូច្នេះ មានសេចក្តីត្រិះរិះក្នុង
ID: 636775524963929341
ទៅកាន់ទំព័រ៖