ព្រះត្រៃបិដក ភាគ ០១
ដូច្នេះថា បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺភិក្ខុប្រាប់ដំណឹងដល់បម្រើថា បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬពុំនោះទៅកាន់ស្ថានសួគ៌ ដូច្នេះ ភិក្ខុត្រូវអាបត្តិទុក្កដ។ (បើ) បុគ្គលនោះបានស្តាប់ដំណឹងរបស់បម្រើ ហើយគិតថា អញនឹងស្លាប់ ហើយក៏ញុំាងទុក្ខវេទនាឲ្យកើតឡើងភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា ពណ៌នាដោយវិធីសរសេរអក្សរ (នោះ) គឺភិក្ខុឆ្លាក់អក្សរ (ជាសេចក្តី) ថា បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដគ្រប់ៗអក្ខរ។ (បុគ្គលនោះ) ឃើញអក្សរចារិកហើយគិតថា អញនឹងស្លាប់ទៅ ហើយញុំាងទុក្ខវេទនាឲ្យកើតឡើង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ID: 636775531220397190
ទៅកាន់ទំព័រ៖