ព្រះត្រៃបិដក ភាគ ០១
[១៩៦] ដែលហៅថា រណ្តៅ (នោះ) គឺភិក្ខុជីករណ្តៅចំពោះមនុស្សដោយតាំងចិត្តថា អ្នកណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើអ្នកណាមួយធ្លាក់ទៅហើយ កើតទុក្ខវេទនាឡើង (ដល់អ្នកនោះ) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើអ្នកនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុជីករណ្តៅមិនចំពោះ (មនុស្ស ឬអមនុស្ស) ដោយគិតថា ជនណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលមនុស្សនោះធ្លាក់ទៅ កើតទុក្ខវេទនាឡើង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើមនុស្សនោះ) ស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ (បើ) យក្សក្តី ប្រេតក្តី សត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលបើជន មានយក្សជាដើមនោះធ្លាក់ទៅហើយ កើតទុក្ខវេទនា ភិក្ខុក៏ត្រូវអាបត្តិទុក្កដដែរ។ (បើ) ជនមានយក្សជាដើមនោះស្លាប់ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) សត្វតិរច្ឆានធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលបើធ្លាក់ទៅហើយ កើតទុក្ខវេទនា ត្រូវអាបត្តិទុក្កដ។ (បើ) វាស្លាប់ ភិក្ខុត្រូវអាបត្តិបាចិត្តិយ។
ID: 636775531608189371
ទៅកាន់ទំព័រ៖