ព្រះត្រៃបិដក ភាគ ០១
បុគ្គលនោះ មុនក្តី ក្រោយក្តី អំពីកំណត់នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ដែលហៅថា ធ្វើនិមិត្តកម្ម (នោះ) គឺភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់ជីវិតបុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ ត្រូវអាបត្តិបារាជិកទាំងពីររូប។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញានោះ ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។
[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។
ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)
[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែនិងត្បាល់ រឿងបិតា និងបុត្របួសឯចាស់
ID: 636775537240241506
ទៅកាន់ទំព័រ៖