ព្រះត្រៃបិដក ភាគ ០១
ឥដ្ឋដែលភិក្ខុនៅខាងលើចាប់មិនមាំ ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះស្លាប់។ ភិក្ខុទទួលឥដ្ឋនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី (នាំគ្នា) កជញ្ជាំងវិហារ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅ។ ភិក្ខុ (អ្នកទទួលឥដ្ឋ) នៅខាងលើ មានបំណងចង់សម្លាប់ ក៏ទម្លាក់ឥដ្ឋមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះស្លាប់។បេ។ ភិក្ខុនោះមិនស្លាប់។ ភិក្ខុអ្នកទម្លាក់ឥដ្ឋនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា) ធ្វើនវកម្ម (ការកសាង)។ មានភិក្ខុមួយរូបទៀតនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ។ កាំបិតព្រាដែលភិក្ខុនៅខាងលើចាប់មិនជាប់ ក៏របូតមកចំក្បាលភិក្ខុនៅខាងក្រោម។ ភិក្ខុនោះធ្វើកាលកិរិយាទៅ។ ភិក្ខុអ្នកទទួលកាំបិតនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មានភិក្ខុមួយរូបនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ។
ID: 636775556973540186
ទៅកាន់ទំព័រ៖