ព្រះត្រៃបិដក ភាគ ០១
ប៉ុន្តែភិក្ខុកុំគប្បីទម្លាក់សម្លាប់ខ្លួនឯង ភិក្ខុណាទម្លាក់សម្លាប់ខ្លួនឯង (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើងទៅកាន់ភ្នំគិជ្ឈកូដ ហើយប្រមៀលថ្មលេង។ ថ្មនោះធ្លាក់មកសង្កត់អ្នកគង្វាលគោម្នាក់ស្លាប់ទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុមិនត្រូវប្រមៀលថ្មដើម្បីជាល្បែងលេងទេ ភិក្ខុណាប្រមៀល (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះឆ្ពុង។ ភិក្ខុនោះធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះឆ្ពុង។ ភិក្ខុនោះធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ
ID: 636775558720120084
ទៅកាន់ទំព័រ៖