ព្រះត្រៃបិដក ភាគ ០១
បាននិយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចង់ឲ្យបុរសនេះស្លាប់ទេ។ ពួកមនុស្សឆ្លើយតបថា ករុណា យើងចង់ឲ្យគាត់ស្លាប់ដែរ។ ភិក្ខុនោះប្រាប់ថា បើដូច្នោះ អ្នកទាំងឡាយចូរឲ្យគាត់ផឹកខ្លាញ់ទឹកដោះគោទៅ។ ពួកមនុស្សក៏ឲ្យបុរសនោះផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល ពួកញាតិក៏ប្រជុំគ្នាមកព្យាបាល។ មានភិក្ខុនី (មួយរូប) និយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចង់ឲ្យបុរសនេះស្លាប់ឬទេ។ ពួកមនុស្សឆ្លើយថា ករុណា លោកម៉ែម្ចាស់ យើងចង់ឲ្យស្លាប់ដែរ។ ភិក្ខុនីនោះប្រាប់ថា បើដូច្នោះ អ្នកទាំងឡាយចូរឲ្យគាត់ផឹកថ្នាំត្រាំដោយអំបិលទៅ។ មនុស្សទាំងនោះក៏ឲ្យបុរសនោះផឹកថ្នាំត្រាំដោយអំបិលនោះ។ បុរសនោះធ្វើមរណកាលទៅ។ ភិក្ខុនីនោះមានសេចក្តីសង្ស័យ។ លំដាប់នោះឯង ភិក្ខុនីនោះបានប្រាប់ដំណឹងនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីក៏ដំណាលសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះ ត្រូវអាបត្តិបារាជិកហើយ។
បារាជិកទី៣ ចប់។
ID: 636775566437051468
ទៅកាន់ទំព័រ៖