ព្រះត្រៃបិដក ភាគ ០១
បារាជិកកណ្ឌ សិក្ខាបទ ទី៤
[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រស្និទ្ធស្នាលមាំមួន បាននៅចាំវស្សាប្របឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ មនុស្សទាំងឡាយចិញ្ចឺមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស (ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។ វេលានោះឯង ភិក្ខុទាំងនោះក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស (ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក តើយើងនឹងគិតធ្វើឧបាយដូចម្តេច
ID: 636775566896887769
ទៅកាន់ទំព័រ៖