ព្រះត្រៃបិដក ភាគ ០១

ម្នាល​សារីបុត្ត​ ​សង្ឃ​មិនទាន់​បាន​នូវ​សេចក្តី​ចំរើន​ ​មានគ្នាច្រើន​ត្រឹមណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹមនោះ​ ​ម្នាល​សារីបុត្ត​ ​ម្យ៉ាងទៀត​ ​សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន​ ​មានគ្នាច្រើន​ក្នុង​កាលណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាលនោះ​ ​ទើប​ព្រះ​សាស្តា​បញ្ញត្ត​សិក្ខាបទ​ ​សំដែង​អាណា​បាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ ​ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ដែល​ជាទី​តាំង​នៃ​អាសវៈ​ទាំងអម្បាល​នោះ​ ​ក្នុង​កាលនោះ​ឯង​ ​ម្នាល​សារីបុត្ត​ ​សង្ឃ​មិនទាន់​ដល់​នូវ​សេចក្តី​ចំរើន​ ​ដោយ​លាភសក្ការៈ​ដ៏​ប្រសើរ​ត្រឹមណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​នៅ​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ត្រឹមនោះ​ ​ម្នាល​សារីបុត្ត​ ​លុះ​សង្ឃ​ដល់​នូវ​សេចក្តី​ចំរើន​ ​ដោយ​លាភសក្ការៈ​ដ៏​ប្រសើរ​ក្នុង​កាលណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​កាលនោះ​ដែរ​ ​ទើប​ព្រះ​សាស្តា​បញ្ញត្ត​សិក្ខាបទ​ ​សំដែង​អាណា​បាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ ​ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ដែល​ជាទី​តាំង​នៃ​អាសវៈ​ទាំងអម្បាល​នោះ​ ​ក្នុង​កាលនោះ​ឯង​ ​ម្នាល​សារីបុត្ត​ ​ពីព្រោះ​ ​(​ឥឡូវ​)​ ​ភិក្ខុសង្ឃ​នៅ​មិនទាន់​មានពុត​ ​(​ហ៊ាន​លប​លួច​ធ្វើ​អាក្រក់​)​ ​នៅឡើយ​ ​

ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636774038063692867
ទៅកាន់ទំព័រ៖