ព្រះត្រៃបិដក ភាគ ០១
ទើបនឹងមកដល់ថ្មី នេះជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានទេឬ
(១) អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ
(២) អ្នកទាំងឡាយមានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមប្រព្រឹត្តទៅបានដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នាមានសេចក្តីសាមគ្គីស្មោះសរ ឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សា ក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេ។ (មានសេចក្តីថា) ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវហេតុ ហើយត្រាស់សួរក៏មាន ជ្រាបច្បាស់ហើយមិនត្រាស់សួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ ត្រាស់សួរក៏មាន
(១) ក្នុងអដ្ឋកថា ពន្យល់ថា ព្រះអង្គត្រាស់សួរដោយសំដៅសេចក្តីដូច្នេះថា យន្ត គឺសរីររបស់អ្នកទាំងអស់គ្នា ដែលមានចក្រ៤ មានទ្វារ៩នេះ អ្នករាល់គ្នាអាចធន់ទ្រាំថែរក្សា មិនមានទុក្ខលំបាកណាស់ទេឬ។ (២) យន្ត គឺសរីរនេះ អ្នករាល់គ្នាអាចឲ្យប្រព្រឹត្តទៅបានគ្រប់កិច្ចទាំងពួងមិនមានអន្តរាយ ទើសទាស់អ្វីទេឬ។
ID: 636775570360585881
ទៅកាន់ទំព័រ៖