ព្រះត្រៃបិដក ភាគ ០១

នែ​មោឃបុរស​ទាំងឡាយ​ ​គួរបើ​ដែរ​ ​អ្នកឯង​រាល់គ្នា​ហ៊ាន​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ទៅវិញទៅមក​ចំពោះ​ពួក​គ្រហស្ថ​ ​ព្រោះហេតុតែ​ចង់​ចំអែត​ផ្ទៃ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​បើ​អ្នករាល់គ្នា​យក​កាំបិត​យ៉ាង​មុត​ ​ដែល​សំរាប់​ពន្លះសាច់​គោ​ ​មក​វះ​ពោះ​ ​(​របស់​ខ្លួន​)​ ​វិញ​ប្រសើរ​ជាង​ ​ឯ​ការ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​របស់​គ្នានឹងគ្នា​ចំពោះ​ពួក​គ្រហស្ថ​ ​ព្រោះហេតុតែ​ចង់​ចំអែត​ផ្ទៃ​ ​ដែល​អ្នកឯង​ទាំងអស់គ្នា​ពោល​រួច​ទៅ​ហើយ​ ​(​នោះ​)​ ​ពុំប្រសើរ​សោះ​ឡើយ​ ​ហេតុអ្វីបានជា​តថាគត​ពោល​យ៉ាងនោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពីព្រោះ​បុគ្គល​ដែល​វះ​ពោះ​ខ្លួនឯង​នោះ​ ​ជាហេតុ​បានតែ​ត្រឹម​សេចក្តី​ស្លាប់​ ​ឬ​លំបាក​ទៀប​ស្លាប់​ប៉ុណ្ណោះ​ ​កាលបើ​រំលាងខន្ធ​ត​អំពី​មរណកាល​ទៅ​ ​ក៏​មិនទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​ព្រោះ​ហេតុ​ដែល​វះ​ពោះ​នោះ​ឡើយ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ឯ​ចំណែកខាង​ភិក្ខុ​ដែល​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ជាហេតុ​ ​ជាទី​តាំង​នេះ​ ​កាលបើ​រំលាងខន្ធ​ត​អំពី​មរណកាល​ទៅ​ហើយ​ ​ទៀងតែ​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​មិនខាន​ឡើយ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ការដែល​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​នេះ​ ​នឹង​បាន​នាំ​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ ​ឬ​មនុស្ស​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ក៏ទេ​។​បេ​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​តិះដៀល​ពួក​ភិក្ខុ​ទាំងនោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ​ហើយ​ ​ទើប​ទ្រង់​សំ​ដែង​ធម្មី​កថា​ ​តទៅ​ថា​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636775573940280628
ទៅកាន់ទំព័រ៖