ព្រះត្រៃបិដក ភាគ ០១
[២៣១] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទា ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម ពិបាកថែទាំ។បេ។ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនដឹងចំពោះ ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌គួរឃើញដោយញាណដ៏ប្រសើរ បង្អោនមកដាក់ក្នុងខ្លួនថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឲ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថា ដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថា ឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះឯងក៏នៅជាត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ពួកភិក្ខុរួចជាស្រេចយ៉ាងនេះ។
[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់ថាឃើញ ក្នុងហេតុដែលខ្លួនមិនឃើញ សំគាល់ថាដល់ ក្នុងហេតុដែលខ្លួនឥតបានដល់ សំគាល់ថាត្រាស់ដឹង ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង សំគាល់ថាធ្វើឲ្យច្បាស់លាស់ ក្នុងហេតុដែលខ្លួនឥតបានធ្វើឲ្យច្បាស់លាស់ ហើយបានពោលអួតអរហត្តផលដោយសំគាល់ថាខ្លួនបានត្រាស់ដឹង។
ID: 636775578789848007
ទៅកាន់ទំព័រ៖