ព្រះត្រៃបិដក ភាគ ០១
ត្រង់ពាក្យថា ម្នាលអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះ ហើយពោលថាដឹង ខ្ញុំមិនបានឃើញយ៉ាងនេះ ហើយពោលថាបានឃើញ សេចក្តីថា ខ្ញុំមិនបានដឹងធម៌នេះទេ ខ្ញុំមិនបានឃើញធម៌នេះទេ ធម៌នេះ ខ្ញុំគ្មានទេ ខ្ញុំនឹងបានឃើញច្បាស់ក្នុងធម៌នេះក៏ទេ។ ត្រង់ពាក្យថា ខ្ញុំពោលកុហកសោះទេ សេចក្តីថា ខ្ញុំពោលសោះទទេ ខ្ញុំពោលកុហកទេ ខ្ញុំពោលមិនពិតទេ ខ្ញុំពោលមិនប្រាកដទេ ខ្ញុំបានជាជ្រុលពោល មកពីហេតុមិនដឹងសោះទេ។ ត្រង់ពាក្យថា វៀរលែងតែសំគាល់ថាខ្លួនបានត្រាស់ដឹង សេចក្តីថា លើកលែងតែខ្លួនបានត្រាស់ដឹងមែន។
[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុងសិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា ធម្មតាដើមត្នោត តែមានកកំបុតហើយ មិនអាចនឹងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ ភិក្ខុដែលមានប្រាថ្នាអាក្រក់ គឺសេចក្តីប្រាថ្នាគ្របសង្កត់ ហើយពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនកើតក្នុងខ្លួន មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ ក៏មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបតថាគតពោលថា ត្រូវអាបត្តិបារាជិក។ ត្រង់ពាក្យថា រកសំវាសគ្មាន ដែលហៅថា សំវាសនោះ គឺសង្ឃកម្មជាមួយគ្នា បាតិមោក្ខុទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា នេះហៅថា សំវាស។
ID: 636775609309963658
ទៅកាន់ទំព័រ៖