ព្រះត្រៃបិដក ភាគ ០១
ត្រង់ពាក្យថា កិលេសប្បហាន (នោះ) បានខាង កិរិយាលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ) បានខាង ការហាមឃាត់ចិត្តចាករាគៈ ហាមឃាត់ចិត្តចាកទោសៈ ហាមឃាត់ចិត្តចាកមោហៈ។ ត្រង់ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បានខាង ឯសេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ ដោយបឋមជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយទុតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយតតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយចតុត្ថជ្ឈាន។
[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។
ID: 636775610185463734
ទៅកាន់ទំព័រ៖