ព្រះត្រៃបិដក ភាគ ០១

លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ត្រាស់​សំដែងធម៌​ ​ពន្យល់​ណែនាំ​ឲ្យ​វេរ​ញ្ជ​ព្រាហ្មណ៍​យល់​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​ ​ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌​ ​ឲ្យ​រីករាយ​ ​ខ្មីឃ្មាត​សង្វាត​ធ្វើការ​កុសល​ ​រួច​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ហើយ​យាង​ត្រឡប់មកវិញ​។​ ​ដល់​វេលា​ព្រឹក​ឡើង​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​បង្គាប់​ជន​ទាំងឡាយ​ឲ្យ​ចាត់ចែង​ធ្វើ​ខាទនីយ​ភោជនីយាហារ​ ​(​បង្អែម​ ​និង​ចំអាប​)​ ​ដ៏​ឆ្ងាញ់​ពិសារ​ក្នុង​លំនៅ​របស់​ខ្លួន​ស្រេចហើយ​ ​ទើប​ចាត់​បំរើ​ឲ្យ​ទៅ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​តាម​កំណត់ពេល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​នេះ​ជា​កាលគួរ​ហើយ​ ​ចង្ហាន់​ក៏បាន​រៀបចំ​ស្រេចហើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះអង្គ​ទ្រង់​ស្បង់​ ​ចីវរ​ព្រមទាំង​បាត្រ​ ​ហើយ​យាង​ចូល​ទៅកាន់​លំនៅ​នៃ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​ជាមួយនឹង​ព្រះភិក្ខុ​សង្ឃ​ក្នុង​វេលា​ព្រឹក​នោះ​ ​លុះដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ដែលគេ​រៀបចំ​ថ្វាយ​។​ ​វេលា​នោះ​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ​ ​(​បង្អែម​ ​និង​ចំអាប​)​ ​ដ៏​ឆ្ងាញ់​ពិសារ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ត្រាតែ​ដល់​លោក​ប្រកែក​លែង​ទទួល​ទៀត​ ​លុះ​ព្រះ​ដ៏​មានជោគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​ថ្វាយ​ចីវរ១ត្រៃ​ ​

ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636774039425500758
ទៅកាន់ទំព័រ៖