ព្រះត្រៃបិដក ភាគ ០១
ហើយប្រគេនសម្ពត់ព្រះភិក្ខុសង្ឃ១គូៗរាល់អង្គ។ លំដាប់នោះ ព្រះភគវាទ្រង់ត្រាស់សំដែងធម៌ណែនាំពន្យល់ឲ្យវេរញ្ជព្រាហ្មណ៍យល់ ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយខ្មីឃ្មាតសង្វាតធ្វើកុសល រួចព្រះអង្គក្រោកចាកអាសនៈ ហើយទ្រង់យាងត្រឡប់មកវិញ។ លុះព្រះអង្គគង់នៅជិតស្រុកវេរញ្ជា តាមគួរដល់អធ្យាស្រ័យហើយ ទ្រង់ក៏យាងចេញទៅកាន់នគរសោរេយ្យ រួចទៅនគរសង្កស្ស ហើយហួសទៅនគរកណ្ណកុជ្ជៈ (តពីនោះទៅ) ទ្រង់យាងសំដៅទៅស្រុកបយាគបតិដ្ឋាន លុះទៅដល់ហើយ ទ្រង់ឆ្លងគង្គានទីក្នុងស្រុកបយាគបតិដ្ឋាន ហើយយាងទៅដល់នគរពារាណសី។ គ្រានោះ ព្រះអង្គគង់កំសាន្តក្នុងក្រុងពារាណសី ហើយទ្រង់ចៀសទៅកាន់ចារិកនៃក្រុងវេសាលី កាលទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ក៏បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះដ៏មានជោគ ព្រះអង្គទៅគង់សម្រាន្តឥរិយាបថក្នុងកូដាគារសាលា នៅនាមហាវន (ព្រៃធំ) ជិតក្រុងវេសាលីនោះ។
វេរញ្ជភាណវារំ និដ្ឋិតំ។
វារៈសំដែងអំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់។
ID: 636774039924549302
ទៅកាន់ទំព័រ៖