ព្រះត្រៃបិដក ភាគ ០១

សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​អ្នក​ទាំងឡាយ​មិន​ត្រូវ​តាំងចិត្ត​នឹង​ដើរទៅ​បិណ្ឌបាត​ឲ្យ​គេ​សរសើរ​ឡើយ​ ​ភិក្ខុ​ណា​ដើរទៅ​ ​(​ដោយ​គិត​យ៉ាងនោះ​)​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​២៨៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​បាន​ពោល​ពាក្យ​នឹង​ភិក្ខុ​មួយ​រូប​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ភិក្ខុ​ណា​ដែល​ជាស​ទ្ធិ​វិហារិក​របស់​ឧបជ្ឈាយ៍​នៃ​យើង​ ​ភិក្ខុ​ទាំងនោះ​សុទ្ធតែ​ជា​អរហន្ត​ទាំងអស់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​ ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មានប្រាថ្នា​នឹង​អួតអាង​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ ​ភិក្ខុ​មួយ​រូប​បាន​ពោល​ពាក្យ​នឹង​ភិក្ខុ​មួយ​រូប​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ភិក្ខុ​ណា​ដែល​ជា​អន្តេវាសិក​នៃ​ឧបជ្ឈាយ៍​របស់​យើង​ ​ភិក្ខុ​ទាំងអស់​នោះ​សុទ្ធតែ​ជា​អ្នកមាន​ឫទ្ធិ​ធំ​ ​មាន​អានុភាព​ច្រើន​។​ ​ភិក្ខុ​នោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​ ​ទើប​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មានបុណ្យ​ ​ខ្ញុំ​ព្រះអង្គ​មានបំណង​នឹង​ពោល​អួត​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636775635469219882
ទៅកាន់ទំព័រ៖