ព្រះត្រៃបិដក ភាគ ០១

 [​២៨៧​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ដល់​ភិក្ខុ​មួយ​រូប​។​ ​ភិក្ខុ​ដែល​អួត​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​សញ្ញោជន​ធម៌​ទាំងឡាយ​ ​ខ្ញុំ​លះបង់​អស់ហើយ​។​ ​ភិក្ខុ​អ្នក​អួត​នោះ​ ​ក៏​មាន​សេចក្តី​សង្ស័យ​។​ ​បាន​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
​[​២៨៨​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ទៅ​នៅក្នុង​ទីស្ងាត់​ ​ក៏​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​។​ ​មាន​ភិក្ខុ​អ្នក​បាន​បរ​ចិត្តវិជ្ជា​ ​គឺ​កិរិយា​កំណត់​ដឹងចិត្ត​របស់​អ្នកដទៃ​ ​លោក​បាន​ហាមប្រាម​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​កុំ​និយាយ​អួត​ឧត្តរិមនុស្ស​ធម្ម​យ៉ាងនេះ​ឡើយ​ ​(​ព្រោះ​)​ ​ឧត្តរិមនុស្ស​ធម្ម​នុ៎ះ​ ​មិន​មានដល់​ខ្លួន​លោក​ទេ​។​ ​ភិក្ខុ​នោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​ ​ទើប​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​ក្នុង​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ទៅ​នៅក្នុង​ទីស្ងាត់​ ​ហើយ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​។​ ​ទេវតា​បាន​ពោល​ឃាត់​ហាម​ភិក្ខុ​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​កុំ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​យ៉ាងនេះ​ ​(​ពីព្រោះ​)​ ​ឧត្តរិមនុស្ស​ធម្ម​នុ៎ះ​ ​មិនទាន់​មានដល់​ខ្លួន​លោក​ទេ​។​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636775636498268740
ទៅកាន់ទំព័រ៖