ព្រះត្រៃបិដក ភាគ ០១
រឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៩០] សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា លោកដ៏មានអាយុបានសម្រេចដល់ឧត្តរិមនុស្សធម្មហើយឬ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ កិរិយាដែលនឹងធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល មិនមែនក្រឡើយ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយឯណា ដែលជាសាវករបស់ព្រះដ៏មានព្រះភាគ លោកទាំងអម្បាលនោះ ទើបគួរពោលយ៉ាងនេះ ក៏ខ្លួនអញមិនទាន់បានជាសាវករបស់ព្រះដ៏មានព្រះភាគនៅឡើយ អញប្រហែលត្រូវអាបត្តិបារាជិកហើយដឹង។ (លុះគិតដូច្នេះហើយ) ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ។ ទើបព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ ក្នុងសម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា
ID: 636775637325456052
ទៅកាន់ទំព័រ៖