ព្រះត្រៃបិដក ភាគ ០១
ព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ ស្លៀកស្បង់ទ្រង់បាត្រនិងចីវរចូលសំដៅទៅឯទីដែលព្រះលក្ខណត្ថេរគង់ ក្នុងវេលាបុព្វណ្ហសម័យ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងព្រះលក្ខណត្ថេរដ៏មានអាយុថា ម្នាលអាវុសោលក្ខណៈ មកយើងនឹងចូលទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត។ ព្រះលក្ខណត្ថេរដ៏មានអាយុ ក៏ទទួលពាក្យព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា ករុណា អាវុសោ។ គ្រាដែលព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ កំពុងតែចុះអំពីភ្នំគិជ្ឈកូដ(ដល់មក)ត្រង់កន្លែងមួយក៏បានធ្វើនូវញញឹម ឲ្យប្រាកដ។ លំដាប់នោះ ព្រះលក្ខណត្ថេរដ៏មានអាយុ ក៏សួរព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា ម្នាលអាវុសោមហាមោគ្គល្លានអ្វីជាហេតុ អ្វីជាបច្ច័យ ចំពោះកិរិយាធ្វើនូវញញឹមឲ្យប្រាកដ(នេះ)។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា ម្នាលអាវុសោលក្ខណៈ កាលនេះមិនមែនជាកាលគួរនឹងព្យាករប្រស្នានេះទេ លោកចូរសួរប្រស្នានេះនឹងខ្ញុំក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ។ លំដាប់នោះ ព្រះលក្ខណត្ថេរដ៏មានអាយុ និងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ ក៏និមន្តទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយត្រឡប់អំពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត ទើបចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ
ID: 636775640624874768
ទៅកាន់ទំព័រ៖