ព្រះត្រៃបិដក ភាគ ០១
រួចហើយ ក៏អង្គុយ ក្នុងទីដ៏សមគួរ។ ព្រះលក្ខណត្ថេរដ៏មានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះនឹង ព្រះមហាមោគ្គល្លានដ៏មានអាយុថា ក្នុងថ្ងៃនេះ មហាមោគ្គល្លានដ៏មានអាយុ កាលដែលចុះអំពីភ្នំគិជ្ឈកូដបានធ្វើនូវញញឹមឲ្យប្រាកដក្នុងកន្លែងមួយ ម្នាលអាវុសោមោគ្គល្លាន អ្វីជាហេតុ អ្វីជាបច្ច័យ ចំពោះកិរិយាធ្វើនូវញញឹមឲ្យប្រាកដនោះ។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា ម្នាលអាវុសោ ក្នុងថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញអដ្ឋិសង្ខលិកប្រេត
(១) កំពុងតែអណ្តែតឯអាកាស ពពួកត្មាត ពពួកខ្លែង
(២) ពពួករអាត
(៣) ដេញតាម ចោមឆាបចឹកចោះភើចជញ្ជែងអដ្ឋិសង្ខលិកប្រេតនោះតាមចន្លោះនៃឆ្អឹងជំនីទាំង ឡាយ អដ្ឋិសង្ខលិក ប្រេតនោះចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំមានបរិវិតក្កថា យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនធ្លាប់កើតមានសោះឡើយ សត្វបែបនេះនឹងត្រឡប់ទៅជាមានខ្លះតើ យក្សបែបនេះនឹង ត្រឡប់ទៅជាមានខ្លះ ប្រេតបែបនេះនឹងត្រឡប់ទៅជាមានខ្លះ កិរិយាត្រឡប់បានរូបរាងបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរតើ។ ភិក្ខុទាំងឡាយ
(១) ប្រេតឥតមានសាច់ឈាមឡើយ មានតែរាងឆ្អឹង។ (២)-(៣) [បានពិនិត្យ មើលក្នុងគម្ពីរទាំងពួងមានអភិធានប្បទីបិកាជាដើម ឃើញថា កង្ក ប្រែថា ខ្លែង កុលល ប្រែថា រអាត ឬ ប្រមង់។ ត្រង់កង្កាបិ ក្នុងទីនេះ ឱ.ម.ជា កាកាបិ(ក្អែក)។ សត្វទាំង៣ពួកនេះមិនមែនសត្វធម្មតាមែនទែនទេ គឺសត្វដែលកើតអំពីបាបកម្មរបស់ប្រេតនុ៎ះឯង។
ID: 636775641407599538
ទៅកាន់ទំព័រ៖